អាមេរិក​និង​កូរ៉េខាងត្បូង​បាញ់​មី​ស៊ី​ល​ឆ្លើយតប​ក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង​ប្រកាស​មិន​ចរចា​ជាមួយ​អាមេរិក

July 06, 2017 61
tag_reuters.com2017_binary_rc1afdcfd560-viewimage

សង្គ្រាមពាក្យសំដី​និង​សាច់ដុំ​យោធា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​បានកើត​ឡើង​បន្តបន្ទាប់។ ក្រោយ​ក្រុង​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​ជា​កាដូ​ដល់​ថ្ងៃ​បុណ្យជាតិ​អាមេរិក ម្សិលមិញ​មក អាមេរិក​និង​កូរ៉េខាងត្បូង​មិន​បង្អង់​យូរ បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា បាញ់​មី​ស៊ី​ល​ជាច្រើន​ដើម ឆ្លើយតប​ទៅ​កូរ៉េខាងជើង​វិញ។ ពេលនេះ កូរ៉េខាងជើង​ប្រកាស មិន​ចរចា​ជាមួយ​អាមេរិក​ទេ។ ថ្ងៃ​ពុធ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់។

ការផ្គើន​ទៅមក​រវាង​អាមេរិក​និង​កូរ៉េខាងជើង​នាំអោយ​រឿងរ៉ាវ​កាន់តែ​ស្មុគស្មាញ

បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ប្រហែលជា​ពិបាក​រក​ច្រកចេញ​បាន​ដាច់ស្រេច​ណាស់។ រឿងរ៉ាវ​កាន់តែ​ធ្ងន់ធ្ងរ​ពេលនេះ គឺ​ដោយសារតែ​ទាំង​កូរ៉េខាងជើង ទាំង​អាមេរិក ក្នុងនោះ​មាន​ទាំង​កូរ៉េខាងត្បូង​ដែរ សុទ្ធតែ​ជើង​ខ្លាំង​ដូចគ្នា ផ្គើន​សំដី និង​សាច់ដុំ​យោធា​ដាក់គ្នា​ទៅវិញទៅមក មិនចេះចប់។

កូរ៉េខាងជើង​មិន​ចោល​ទំលាប់​ផ្គើន​បាញ់​មី​ស៊ី​ល​គំរាម​អាមេរិក កូរ៉េខាងត្បូង រឺក៏​ជប៉ុន​ក្បែរ​នោះទេ។ ចំ​ថ្ងៃ​បុណ្យជាតិ​អាមេរិក៤កក្កដា​ម្សិលមិញ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​មួយ​ដើម​លេង​អាមេរិក​តែម្តងទៅ។ លោក គឺ​ម ជុង​អ៊ុន ថែមទាំង​ជេរ​អាមេរិក​រហូតដល់​ថ្នាក់​ថា មី​ស៊ី​ល​នេះ​ជា​កាដូ​ដល់​ពួក”អា​សំអុយ”អាមេរិក​ទៀតផង។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង សន្យាថា នឹងមាន​កាដូផ្សេងៗទៀត សម្រាប់​អាមេរិក ក្នុងពេល​ខាងមុខ។

លោក​ដូ​ណា​ល់ ត្រាំ មិនអាច​អត់ធ្មត់​នឹង​ការ​មាក់ងាយ​របស់​គឺ​ម ជុង​អ៊ុន ក៏​អោយ​ទាហាន​ធ្វើ​សមយុទ្ធ​ជាមួយ​ទាហាន​កូរ៉េខាងត្បូង បាញ់​មី​ស៊ី​ល​ឆ្លើយតប​ទៅ​ក្រុង​ព្យុងយ៉ាង​វិញ​ភ្លាម​ដែរ។ លោក​ដូ​ណា​ល់ ត្រាំ ថែមទាំង​សុំអោយ​ចិន​ចាត់វិធានការ​ធ្ងន់ ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​អោយ​ចប់សព្វគ្រប់។ អាមេរិក​កំពុងតែ​បារម្ភ​ខ្លាំង​ហើយ ព្រោះ​មី​ស៊ី​ល​អន្តរទ្វីប​ដែល​ក្រុង​ព្យុងយ៉ាង​បាញ់​ពី​ម្សិលមិញ​នេះ ត្រូវ​ក្រុម​ជំនាញ​វាយតម្លៃថា អាច​បាញ់​ដល់​រដ្ឋ​អា​ឡា​ស់ស្កា ក្នុង​ដែនដី​អាមេរិក។ កូរ៉េខាងជើង​ថា មី​ស៊ី​ល​ម្សិលមិញ​នេះ ជា​មី​ស៊ី​ល​ចំងាយ​វែង តែ​រុស្ស៊ី​ប្រាប់ថា ជា​មី​ស៊ី​លបាញ់​ចំងាយ​មធ្យម។ យ៉ាងណា​ក៏ដោយចុះ ក៏​មី​ស៊ី​ល​កូរ៉េ​មួយ​នេះ អាច​បាញ់​ដល់​សហរដ្ឋអាមេរិក​ដែរ។ អញ្ចឹង​ហើយ ទើប​លោក​ដូ​ណា​ល់ ត្រាំ កាន់តែ​បារម្ភ​នោះ។ អញ្ចឹង​មានតែ​ត្រូវ​អង្វរ​ចិន​អោយ​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ប៉ុណ្ណោះ។ ប្រធានាធិបតី​អាមេរិក​ក៏បាន​សុំអោយ​គ្រប់​ប្រទេស​ចាត់ការ​ដាក់ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង​ដែរ។

ដោយឡែក ចិន​ប្រហែល​ពិបាក​ដាក់​សម្ពាធ​ក្រុង​ព្យុងយ៉ាង​បាន​លើសពី​អ្វីដែល​ធ្លាប់ធ្វើ​កន្លងមក​ដែរ។ ព្រោះ​ចិន​ធ្លាប់​ស្នើ​ដំណោះស្រាយ​រួច​ម្តង​ហើយ រឿង​កូរ៉េខាងជើង​នេះ តែ​អាមេរិក​បដិសេធ។ មួយរយៈ​ចុងក្រោយ​នេះដែរ  អាមេរិក​បាន​លូកដៃ​រឿង​សិទ្ធិមនុស្ស​នៅ​ចិន រឿង​កោះ​តៃវ៉ាន់ ហើយក៏​ទើបបាន​បញ្ជូន​នាវាចម្បាំង ទៅ​ក្បែរ​កោះ​ជម្លោះ​នៅ​សមុទ្រ​ចិន ធ្វើអោយ​ចិន​ខឹង​មិនទាន់​បាត់​ផង។ រឿង​អី​ចិន​ត្រូវ​ជួយ​អាមេរិក​អោយអស់​ពី​ដៃ​ពី​ជើង​នោះ។ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្គើន​អាមេរិក ម្សិលមិញ​នេះ អាច​ថា​ក៏​ដើម្បី​ជួយ​សងសឹក​រឿង​អាមេរិក​ផ្គើន​ចិន​ផង​ក៏​មិន​ដឺ​ង។

ចិន​និង​រុស្ស៊ី​ស្នើអោយ​មានការ​អត់ធ្មត់ ចិន​លើកឡើង​ជាថ្មី​នូវ​សំណើ​ដែល​អាមេរិក​ទាត់ចោល

ចិន​ធ្លាប់​ស្នើអោយ​អាមេរិក​បញ្ឈប់​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង។ ជា​ថ្នូរ​នឹង​ការឈប់​ហ្វឹកហាត់​នេះ កូរ៉េខាងជើង​នឹង​ផ្អាក​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ដែរ។ សំណើ​នេះ ជា​អ្វីដែល​ក្រុង​ព្យុងយ៉ាង​ចង់បាន​ដែរ ព្រោះ​ក្រុង​ព្យុងយ៉ាង​ចាត់ទុកថា សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង ជាការ​គំរាម​សន្តិសុខ​កូរ៉េខាងជើង។

អាមេរិក​បាន​បដិសេធ​សំណើ​របស់​ចិន មិន​ព្រម​ផ្អាក​សមយុទ្ធ​នេះ​ទេ។ អាមេរិក​មិន​ហ៊ាន​បញ្ឈប់​ចំណង​យោធា​ជាមួយ​កូរ៉េខាងត្បូង ក៏​ប្រហែល​ដោយសារ​គិតថា ទោះបីជា​ឈប់​ធ្វើ​សមយុទ្ធ ក៏​គេ​មិនអាច​ធានាថា កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​ដែរ។ អញ្ចឹង បើ​អាមេរិក​មិន​ព្រម​ផ្អាក​តាម​សំណើ​ចិន កូរ៉េខាងជើង​មានតែ​នៅ​បន្ត​បាញ់​មី​ស៊ី​ល​គំរាម​លេង​តទៅទៀត​ទៅ។ អ្វីដែល​គេ​បារម្ភ​ពេលនេះ គឺថា តាមរយៈ​ការបាញ់​មី​ស៊ី​ល២លើកចុងក្រោយ​នេះ គឺ​គិត​ទាំង​មី​ស៊ី​ល​មួយ​ដើម បាញ់​កាលពី​ខែឧសភា​ផងដែរ គេ​ឃើញថា កូរ៉េខាងជើង​កាន់តែ​មាន​សមត្ថភាព​មី​ស៊ី​ល​កាន់តែ​ខ្ពស់ ទោះបី​អ្នកជំនាញ​ខ្លះ​គិតថា កូរ៉េខាងជើង​មិនទាន់​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ លើ​មី​ស៊ី​ល​អន្តរទ្វីប​ក៏ដោយចុះ។

កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ថ្ងៃ​ពុធ​នេះ ប្រហែលជា​ពិបាក​រក​ដំណោះស្រាយ ដោយសារ​កន្លងមក ក្រុង​ព្យុងយ៉ាង​មិនដែល​ខ្វល់​ទណ្ឌកម្ម​អន្តរជាតិ​ម្តងណា​ទេ។ដំណោះស្រាយ​បណ្តោះអាសន្ន​ពេលនេះ គឺ​មានតែ​ត្រូវ​ស្តាប់​តាម​រុស្ស៊ី​និង​ចិន ដែល​សុំអោយ​មានការ​អត់ធ្មត់។ ចិន​បានស្នើ​ជាថ្មីទៀត នូវ​សំណើ​ផ្អាក​សមយុទ្ធ​យោធា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ជា​ថ្នូរ​នឹង​ការផ្អាក​ការបាញ់​មី​ស៊ី​លពី​ក្រុង​ព្យុងយ៉ាង។

សំណុំរឿង​កូរ៉េខាងជើង​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅក្នុង​ជំនួប​កំពូល​ហ្សេ២០ ដែល​ត្រូវធ្វើ​នៅ​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។

ការបន្ត​ទំនាក់ទំនង​ពាណិជ្ជ​គម្មរ​វាង​ចិន​និង​កូរ៉េខាងជើង ជា​ចំណែក​នាំអោយ​ពិបាក ដោះស្រាយ​បញ្ហាឆ្នាំ២០១៦ ចិន​បាន​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង២២លាន៥០០តោន ត្រូវ​នឹង​ទឹកប្រាក់​ជាង១១០០លាន​ដុល្លារ។ តែ​ខែកុម្ភៈ ចិន​បានសម្រេច​ផ្អាក​នាំចូល​ធ្យូងថ្ម​នេះ​វិញ ជា​ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង ស្របតាម​អ្វីដែល​អង្គការសហប្រជាជាតិ​ចង់បាន។

ទោះ​យ៉ាងនេះ​ក្តី ចិន​នៅតែ​អាច​បន្ត​រកស៊ី​ផ្នែក​ផ្សេងទៀត​ជាមួយ​កូរ៉េខាងជើង ដូចជា​សម្លៀកបំពាក់ រឺ​អាហារ​សមុទ្រ​ជាដើម។ យោងតាម​ក្រុម​ជំនាញ​មួយចំនួន​របស់​អង្គការសហប្រជាជាតិ  ចិន​បាន​ទាំង​ជួយ​អោយ​កូរ៉េខាងជើង​អាច​រកស៊ី​ជាមួយ​ប្រទេសផ្សេងៗនៅ​អាស៊ី អាហ្វ្រិក រឺក៏​តំបន់​បូព៌ា​ទៀតផង។ ពោលគឺ​ចិន​មាន​ក្រុមហ៊ុន​អន្តរការី ដែល​រកស៊ី​ជាមួយ​កូរ៉េខាងជើង ដូច្នេះ​គេ​គ្មាន​ភស្តុតាង​ចោទថា រដ្ឋ​ចិន​បន្ត​ជួយ​កូរ៉េខាងជើង​ទេ។ បញ្ហា​នេះ​ក៏​ជា​ចំណែក​មួយ​នាំ​អោយគេ​ពិបាក​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ដេរ៕