ក្រុម​ជី​ហាត​បង្កើន​ភេរវកម្ម​អត្តឃាត​ដើម្បី​ទប់ស្កាត់​ប្រតិបត្តិការ​របស់​កងទ័ព​អ៊ីរ៉ាក់

July 03, 2017 49
2017-06-29t182741z_1685971950_rc1261b684a0_rtrmadp_3_mideast-crisis-iraq-mosul_0

កងទ័ព​អ៊ីរ៉ាក់​កំពុង​ប្រឈមមុខ​នឹង​ភាព​ពិបាក​ខ្លាំងឡើងៗនៅ​ខណៈដែល​ពួកគេ​កំពុង​បន្ត​វាយ​រុលទៅមុខ​ឆ្ពោះទៅកាន់​ទីក្រុង​Mossoul ដែល​នៅ​ទីនោះ ពួក​ជី​ហាត​បាន​បង្កើន​អំពើ​ភេរវកម្ម​អត្តឃាត​កាន់តែច្រើនឡើង-នេះ​បើ​យោងតាម​ការបញ្ជាក់​អះអាង​របស់​មេបញ្ជាការ​កងទ័ព​អ៊ីរ៉ាក់​មួយរូប​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

អស់​រយៈពេល​ជាង៨ខែ បន្ទាប់ពី​ផ្តើម​ការវាយលុក​ដើម្បី​ដណ្តើមយក​ក្រុង​ទី​ពីរ​របស់​អ៊ីរ៉ាក់​មកវិញ ក្រុម​អ៊ីស្លាម​ជី​ហាត​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ត្រួត​ត្រាតែ​ដី​មួយ​ភាគ​តូច​ប៉ុណ្ណោះ​នៅក្នុង​តំបន់​ភាគ​ខាងលិច​ទីក្រុង Mossoul។

នៅក្នុង​សង្កាត់ខ្លះៗ  ចាប់តាំងពី ៣ថ្ងៃ​កន្លងមកហើយ ពួក​អ៊ីស្លាម​ជី​ហាត បាន​បើក​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង​ជាអាទិ៍ អ្នក​បំផ្ទុះ​គ្រាប់បែក​សុទ្ធ​ស៊ឹង​ជា​ស្ត្រីភេទ ដែល​ផ្ទុយ​កាលពី​ពេលមុន ពួក​អ៊ីស្លាម​ជី​ហាត បាន​ប្រើ​កលល្បិច​ដោយ​ពួន​លប​ស្ទាក់​បាញ់​និង​បោក​គ្រាប់បែក-នេះ​បើ​យោងតាម​ការអះអាង​រប​ស់មេ​បញ្ជាការ​ម្នាក់​នៃ​កងកម្លាំង​ពិសេស​អី​រ៉ា​ក់។ មន្ត្រី​យោធា​របស់​អ៊ីរ៉ាក់​នេះ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃនេះ ពួក​ជី​ហាត​នៅសល់​គ្នា ចំនួន​តិចជាង២០០នាក់​ប៉ុណ្ណោះ​នៅ​ក្រុង Mossoul ហើយ​ភាគច្រើន​ជា​ជនបរទេស។

ម្យ៉ាងទៀត ដើម្បី​ប្រឆាំង​ទល់នឹង​ការ​គំរាម​ពី​ពួក​ភេរវ​នារី​អត្តឃាត កងទ័ព​អ៊ីរ៉ាក់ បាន​បង្គាប់​ឲ្យ​ប្រជាជន​ស៊ី​វី​ល​ទាំងអស់ ដោះ​សំលៀកបំពាក់​ចេញ​ខ្លះ មុននឹង​ចូលទៅ​កាន់​មណ្ឌល​ត្រួតពិនិត្យ​នានា។ ពួក​ជី​ហាត​ឥឡូវនេះ កាន់តែ​បាត់បង់​ដែន​អំណាច​របស់​ដ៏​ធំធេង​របស់ខ្លួន​ហើយ ដោយសារតែ​ការឡោមព័ទ្ធ​របស់​កង​ទ័ព​និង​កង​ប៉ូលីស​អ៊ីរ៉ាក់។

ក៏ប៉ុន្តែ​នៅ​កន្លែង​ច្រក​ផ្លូវតូចៗដែលមាន​មនុស្ស​ដ៏​កុះករ នៅក្នុង​ទីក្រុង​ចំណាស់​របស់​អ៊ីរ៉ាក់​នេះ ជម្រុញ​ឲ្យ​ប្រតិបត្តិការ​រុលទៅមុខ​របស់​កងទ័ព​អ៊ីរ៉ាក់ មាន​ភាព​ពិបាក​ខ្លាំង។ក៏ប៉ុន្តែ មេបញ្ជាការ​កងកម្លាំង​ពិសេស​អ៊ីរ៉ាក់ បាន​បញ្ចាក់​អះអាង​ដែរ​ថា ការ​វាយ​សម្រុក​ចុងក្រោយ​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ចន្លោះ​រវាង​ពី៥ថ្ងៃ​ទៅមួយ​សប្តាហ៍​ខាងមុខ។

ទោះបីជា​ទីក្រុង​ម៉ូ​ស៊ូ​ល​នឹងត្រូវ​វាយ​ដណ្តើមបាន​មកវិញ​ក៏ដោយ​ក្តី ក៏​សង្គ្រាម​ទល់នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ក៏​នៅ​មិនទាន់​ចប់​ដែរ ដោយសារតែ​ពួកនេះ​នៅ​បន្ត​ការកាន់កាប់​ក្នុង​តំបន់​ជាច្រើន​លើ​ទឹកដី​អ៊ីរ៉ាក់​និង​នៅ​ស៊ី​រី។

ពួក​អ៊ីស្លាម​ជី​ហាត ក្នុង​រយៈពេល៣ឆ្នាំ ទោះបីជា​បាន​បាត់បង់​ទឹកដី​ត្រួតត្រា​ចំនួន៦០%និង​ប្រាក់ចំណូល​របស់ខ្លួន​ជាង៨០% ក៏ដោយ​ក្តី ក៏​នៅតែ​បន្ត​ជានិច្ច​អំពើ​ភេរវកម្ម​កាប់សម្លាប់​ប្រជាជន​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់។ ហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ភេរវជន​អត្តឃាត​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ពីមុខ​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ខេត្ត​Al-Anbar ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់ ជាហេតុ​បណ្តាល​ឲ្យ​មនុស្ស ស្លាប់១៤នាក់ -នេះ​បើ​យោងតាម​ប្រភព​មន្ទីរពេទ្យ​អ៊ីរ៉ាក់៕ ប្រភពពី RFI