សកម្មភាព​អភិវឌ្ឍន៍​អវកាស​ខ្លាំង​ចិនបរាជ័យ​នៃ​បេសកកម្ម​បង្ហោះ​កាំជ្រួច​ធុន​ធ្ងន់​បង្អស់

July 03, 2017 63
2017-07-02t130609z_1063885435_rc17c0678610_rtrmadp_3_china-space

នរណា​ក៏​ដឹងថា​ចិន​បាននិងកំពុង​ប្រឹង​ព​ន្លឿ​ន​សកម្មភាព​អភិវឌ្ឍន៍​អវកាស​ខ្លាំងណាស់។ ប៉ុន្តែ​ថ្ងៃនេះ ជាការ​ខកចិត្ត​ធំ សម្រាប់​ចិន ដែល​មិនអាច​សម្រេច​មហិច្ឆតា​អវកាស​របស់ខ្លួន​ដូច​បាន​ដូច​ប្រាថ្នា។  បេសកកម្ម​អវកាស​បង្ហោះ​ផ្កាយរណប​ទូរគមនាគមន៍​ទៅកាន់​គន្លង​តារាវិថី​នៅ​ថ្ងៃអាទិត្យ​ទី ២កក្កដា​នេះ ត្រូវ​ទទួល​បរាជ័យ ក្រោយ​ការបាញ់​បង្ហោះ​កាំជ្រួច Longue Marche-5 Y2 បាន​បន្តិច។

កាំជ្រួច​Longue Marche-5 Y2 ដែលជា​រ៉ុ​ក​កែ​ត​បង្ហោះ​ផ្កាយរណប​ធុន​ធ្ងន់ ទំនើប​ចុងក្រោយ​របស់​ចិន បាន​បាញ់​បង្ហោះ​នៅវេលា​ម៉ោង ១៩និង២៣នាទី ម៉ោង​ក្នុងស្រុក ចេញពី​មជ្ឈមណ្ឌល​អវកាស​វេន​ចង់​Wenchang នៃ​កោះ​ហៃ​ណាន។ បើតាម​រូបភាព​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ កាំ​ជ្រួញ​បាន​ងើប​ឡើងលើ​ផ្ទៃមេឃ បន្ត​ដោយ​ផ្សែង​និង​អណ្តាតភ្លើង យ៉ាង​អស្ចារ្យ។ ប៉ុន្តែ​មិនបាន​កន្លះ​ម៉ោង ស្រាប់​តែមាន​លេច​ភាពមិនប្រក្រតី នៅក្នុង​បន្ទប់​បញ្ជា​កាំជ្រួច បេសកកម្ម​បង្ហោះ​ត្រូវ​បញ្ចប់​ត្រឹម​ពាក្យ​ប្រកាសថា​បរាជ័យ ! ភ្នាក់ងារ​អវកាស​ជាតិចិន បាន​ធានាថា​នឹង​បើក​អង្កេត​ដើម្បី​វិភាគ​រក​មូលហេតុ​នៃ​ភាពមិនប្រក្រតី​នោះ តែ​មិនបាន​បញ្ជាក់​លម្អិត​អ្វី​បន្ថែមទៀត​ទេ។

មាន​សមត្ថភាព​ផ្ទុក​ពាំ ទម្ងន់​បាន២៥តោន Longue Marche-5 Y2 ត្រូវ​បង្ហោះ​នាំយក​ផ្កាយរណប​ទូរគមនាគមន៍​ពិសោធន៍ Shijian-18 ដែលមាន​ទម្ងន់​តែ៧តោន​កន្លះ​ប៉ុណ្ណោះ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី ដើម្បី​សម្រួល​ផ្តល់​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​នែ​ត និង​ចាប់​ប្រព័ន្ធ​ទូរទស្សន៍​ឱ្យបាន​កាន់​ប្រសើរ​នៅពេល​ផ្ទៃ​ប្រទេស​ចិន។

កាលពី​ខែវិច្ឆិកា ចិន​បាន​បង្ហោះ​ដោយ​ជោគជ័យ ចេញពី​មជ្ឈមណ្ឌល​តែមួយ​នេះ​ដូចគ្នា​នូវ​កាំជ្រួច Longue Marche-5 ដំបូង​របស់ខ្លួន។ កាំជ្រួច​ដែលជា​តំណាង​រ៉ុ​ក​កែ​ត​បង្ហោះ​ដ៏​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធិ​របស់​ចិន។

ដូច្នេះ បរាជ័យ​នៅ​ថ្ងៃអាទិត្យ ពិតជា​កំហុស​និង​ការខកចិត្ត​ខុស​ទម្លាប់​មួយ​របស់​ប៉េកាំង​ដែលមាន​មហិច្ឆតា​ធំ ពង្រីក​កម្មវិធី​អវកាស​របស់ខ្លួន​ដើម្បី​រត់​ឱ្យ​ដោយ​ទាន់​អឺរ៉ុប​និង​អាមេរិក ដោយ​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​រាប់សិប​ពាន់​លាន​ដុល្លារ​ឡើយ។

ការអភិវឌ្ឍន៍​វិស័យ​អវកាស ត្រូវបាន​អាជ្ញាធរ​ក្រុង​ប៉េកាំង​ចាត់ទុកជា​និម្មិត្តសញ្ញា​នៃ​ភាពជា​មហាអំណាច​ថ្មី​របស់​ចិន។ កាលពី​ខែ​មុន មហា​យក្ស​អាស៊ី​មួយ​នេះ ក៏បាន​បង្ហោះ​ម៉ាស៊ីន​កាំរស្មី​X ទៅក្នុង​អវកាស​ដើម្បី​សិក្សា​អំពី​រន្ធ​ខ្មៅ។ កាលពី​ខែមេសា​កន្លងទៅ ចិន​បាន​បញ្ជូន​យាន​ផ្ទុក​សម្ភារៈ​នាវា​សួគ៌ Tianzhou-១ ទៅកាន់​ស្ថានីយ៍​ពិសោធន៍​ក្នុង​តារាវិថី ដែលជា​តំណាង​គម្រោង​បង្កើត​ស្ថានីយ៍​អវកាស​អាចមាន​មនុស្ស​រស់នៅ​បាន​នៅ​ឆ្នាំ២០២២ សម្រាប់​បន្ត​បេសកកម្ម​ជំនួស​ស្ថានីយ៍​អវកាស​អន្តរជាតិ។

ចិន​ដែល​បាន​បញ្ជូន​មនុស្ស​ទៅកាន់​អវកាស​ជា​លើកទីមួយ​នៅ​ឆ្នាំ២០០៣ សង្ឃឹមថានឹង​អាច​បញ្ជូន​យានអវកាស​ទៅកាន់​ភព​អង្គារ​នៅ​ឆ្នាំ២០២០៕