ស្ត្រី​សកម្មម្នាក់ជន​រិះគន់​រដ្ឋាភិបាលថា​ ត្រូវ​កាត់ទោស​ជាប់គុក១០ឆ្នាំ

June 30, 2017 126
000_q20yf

កាលពី​ថ្ងៃ ព្រហស្បតិ៍​ទី ២៩ មិថុនា តុលាការ​វៀតណាម ទើបបាន​សម្រេច​សាលក្រម កាត់ទោស​ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​រិះគន់​រដ្ឋាភិបាល ឲ្យ​ជាប់ពន្ធ​ធនាគារ១០ឆ្នាំ។ ស្ត្រី​ឈ្មោះ ង្វៀន ង៉ុ​ក​ញូ​គី​ញ អាយុ ៣៧ ឆ្នាំ ជា​អ្នកសរសេរ​អត្ថបទ​រិះគន់ នៅតាម​បណ្តាញ​អ៊ី​ន​ធើ​នែ​ត ត្រូវបាន​អាជ្ញាធរ​វៀតណាម ចាប់​ឃាត់ខ្លួន នៅ​ចុងឆ្នាំ២០១។ ការកាត់ទោស​ដ៏​ធ្ងន់ធ្ងរ​នេះ ត្រូវបាន​អង្គការសិទ្ធិមនុស្ស​នានា ថ្កោលទោស​រដ្ឋាភិបាល​វៀ​ត​ណា​ម ជាខ្លាំង។

នេះ​មិនមែនជា​លើកទីមួយ ហើយ​គេ​ជឿថា វា​ក៏​មិនមែនជា​លើកចុងក្រោយ​ដែរ ដែល​រដ្ឋាភិបាល​វៀតណាម ចាប់​អ្នក​រិះគន់​ខ្លួន ដាក់គុក។ លោកស្រី  ង្វៀន ង៉ុ​ក​ញូ​គី​ញ អាយុ ៣៧ឆ្នាំ  ត្រូវគេ​ស្គាល់​តាមរយៈ​អត្ថបទ​រិះគន់​ជាច្រើន ដែល​លោកស្រី​ប្រើ​រហ័ស​នាម​ថា មេ​ណា​ម។ ភាគច្រើន​នៃ​សំណេរ​រិះគន់​របស់លោក​ស្រី គឺ​ផ្តោត​សំខាន់ ទៅលើ​សកម្មភាព បំផ្លិចបំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ ដែល​រដ្ឋាភិបាល​វៀតណាម បាន​បើកដៃ​ឲ្យ​ពួក​ឈ្មួញ។ កាលពី​ខែមីនា លោកស្រី ង្វៀន ង៉ុ​ក​ញូ​គី​ញ បានទទួល​ពានរង្វាន់ ស្ត្រី​ក្លាហាន​ប្រចាំឆ្នាំ « Woman of Courage Award » របស់​ក្រសួងការបរទេស​អាមេរិក ខណៈដែល​លោកស្រី​កំពុង​ជាប់​ក្នុង​ឃុំ។

ត្រូវគេ​ចាប់​ឃាត់ខ្លួន កាលពី​ខែតុលា ឆ្នាំ២០១៦ លោកស្រី ទើបតែ​ត្រូវបាន​តុលាការខេត្ត ខា​ញ់​ហ័​រ ភាគ​កណ្តាល​វៀតណាម កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ ១០ឆ្នាំ កាលពី​ថ្ងៃទី២៩មិថុនា ពីបទ​ធ្វើ​សកម្មភាព ប៉ះពាល់​ដល់​ស្ថិរភាព​ជាតិ ព្រមទាំង​ញុះញង់ ឲ្យ​ប្រជាជន​បាត់បង់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល។ លោក ង្វៀន ខា​ថា​ញ់ មេធាវី​របស់លោក​ស្រី បាន​បញ្ជាក់ថា នេះ​ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត មិនអាច​ទទួលយកបាន​ទេ  ហើយ​កូនក្តី​លោក កំពុង​ពិចារណា ដើម្បី​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍។

ដោយហេតុថា ជា​សវនាកា​បិទទ្វារ​ជិត អ្នកយកព័ត៌មាន​មិនអាច ចូលរួម​ស្តាប់​សាវ​នា​កា​បានទេ។ តែបើ​យោងតាម​រូបថត ដែល​ត្រូវបាន​បង្ហោះ​ចែកចាយ តាម​បណ្តាញ​សង្គម គេ​ឃើញ​មាន​វត្តមាន​កម្លាំង​នគរបាល យាម​ស្អេកស្កះ ក្នុង​អង្គ​សវនាកា។ នៅមុន​ពេល​ចូល​សវនាការ លោកស្រី ង្វៀន ង៉ុ​ក​ញូ​គី​ញ បាន​សរសេរ​លិខិត​មួយ ផ្ញើរ​ទៅកាន់​ម្តាយ និង​កូន​ទាំងពីរ​នាក់​របស់លោក​ស្រី​ថា លោកស្រី​សុំទោស ដែល​បាន​បង្ក​បញ្ហាលំបាក​ឲ្យ​ក្រុមគ្រួសារ។ តែ​យ៉ាងណា លោកស្រី សំណូមពរ​ឲ្យ​គ្រប់គ្នា ត្រូវ​តាំងចិត្ត​រីករាយ មាន​មោទនភាព​ឡើង ចំពោះ​ការដែល​លោកស្រី​បាន​លះបង់ ដើម្បី​សង្គម​វៀតណាម។

លោក Phil Robertson ប្រធាន​អង្គការ Human Rights Watch ប្រចាំ​អាស៊ី​បាន​និយាយថា ការកាត់ទោស​សកម្មជន​តវ៉ា​ដោយ​សន្តិវិធី​នេះ គឺជា​រឿង​អាម៉ាស​ណាស់ ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​វៀតណាម។ ក្នុងនាម​អង្គការ​លោក លោក​អំពាវនាវ ឲ្យ​វៀតណាម លប់ចោល​ច្បាប់ ដែល​បង្កើតឡើង ដើម្បី​រារាំង ចាប់ទោស​អ្នក​រិះគន់​រដ្ឋាភិបាល។ ដោយឡែក សហរដ្ឋអាមេរិក អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ជាច្រើន​ខែ​មកហើយ ថា​វៀតណាម ត្រូវតែ​ដោះលែង​លោកស្រី ង្វៀន ង៉ុ​ក​ញូ​គី​ញ។

សូមបញ្ជាក់ថា លោកស្រី​ង្វៀន ង៉ុ​ក​ញូ​គី​ញ មិនមែនជា​មនុស្ស​ទីមួយ​ទេ ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់​កាត់ទោស។ យ៉ាងណាមិញ សកម្មជន​ប្រឆាំង​ដ៏​ល្បី​ម្នាក់ទៀត ឈ្មោះ​លោក ហ្វាំ មី​ញ​ហួង អាយុ៦២ឆ្នាំ ត្រូវបាន​វៀតណាម​ដក​សញ្ជាតិ​ចោល ហើយ​បាន​ចាប់បញ្ជូន​ខ្លួន ឲ្យ​ត្រលប់មក​បារាំង​វិញ កាលពី​ថ្ងៃអាទិត្យ​ទី ២៥ មិថុនា៕ ប្រភពពី RFI