កូនកំលោះ​ដឹក​ដៃ​គ្រួសារ​ដើរ​ចេញពីផ្ទះ​កូនក្រមុំ ដោយសារតែ​រឿង​ថ្លៃទឹកដោះ…កូនក្រមុំ​យំ​រហូត​សន្លប់

June 29, 2017 91
2-93-600x384

អន្តរជាតិ៖ ឧបទ្ទវ​ហេតុនេះ បាន​ញ៉ាំងឱ្យ​សាច់ញាតិ​ខាង​ស្រី​នាំ​អនាគត​កូនក្រមុំ ដែល​គេ​បោះបង់ចោល ឈ្មោះ Benjaporn Wareesri ទៅប្តឹង​ប៉ូលិស​ប្រឆាំងនឹង​កូនកំលោះ​រត់ចោល​កូនក្រមុំ គឺ លោក Adirek Chadachan កាលពីពេលថ្មីៗនេះ ។

បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា ពិធី​រៀបការ​មួយ​នៅ​ស្រុក​ភី​ម៉ៃ ខេត្ត​នរគ​រាជ​សី​ម៉ា ត្រូវបាន​លុបចោល បន្ទាប់ពី​កូនកំលោះ​និង​សាច់ញាតិ​ដើរចេញ​ជាមួយ​បណ្តា​ការ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​គ្រួសារ​កូនក្រមុំ​រឿង​ថ្លៃទឹកដោះ។

លោកស្រី Thongwai Muangmuntri អាយុ ៦៤ ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ថា ក្មួយ​ស្រី​របស់គាត់ ដែលជា​បុគ្គលិក​ក្រុមហ៊ុន AIS ក្នុង​ក្រុង​បាងកក និង មិត្ត​ប្រុស​នាង​មកពី​ខេត្ត​ភី​ជី​ត បាន​យល់ព្រម​រៀបការ​នឹង​គ្នា ព្រោះ​ពួកគេ​បាន​ស្គាល់គ្នា​រាង​យូរ​ដែរ​ហើយ។

លោកស្រី Thongwai និយាយថា គ្រួសារ​ខាង​ស្រី​បាន​សុំ​ថ្លៃទឹកដោះ ១០០.០០០ បាត និង មាស​មួយ​ដុំ (តម្លៃ​ប្រហែល ២១.០០០ បាត) ហើយ​គ្រួសារ​ខាង​ប្រុស​បាន​យល់ព្រម។ ពិធីមង្គលការ​នេះ​គ្រោង​ធ្វើឡើង នៅផ្ទះ​ខាង​ស្រី​ក្នុងស្រុក​ភី​ម៉ៃ។ កូនក្រមុំ​អាយុ ២៥ ឆ្នាំ​បាន​ជូន​ធៀប​ការ ១០០ សន្លឹក​ដល់​ភ្ញៀវ។ តុ​ជាង ៥០ បានរៀបចំ​សម្រាប់​ពិធី​ពិសា​អាហារ​បែប​ចិន។ កូនកំលោះ​អាយុ ២៤ ឆ្នាំ និង​សាច់ញាតិ​និង​មិត្តភក្តិ​ប្រហែល ២០ នាក់ ដែល​ធ្វើដំណើរ​ពី​ខេត្ត​ភី​ជី​ត​បានមក​ដល់ផ្ទះ​កូនក្រមុំ​តាម​រថយន្ត ៥ គ្រឿង តាំងពី​ទៀបភ្លឺ​ថ្ងៃ​សៅរ៍។ ការ​ដង្ហែ​ជំនូន​របស់​សមាជិកគ្រួសា​រ និង ការរៀបចំផ្សេងៗបាន​ប្រព្រឹត្ត​ទៅដោយ​រលូន​នៅពេល​ព្រឹក រហូតដល់​បញ្ហា​លេចឡើង​អំឡុងពេល​រាប់​លុយ​ថ្លៃទឹកដោះ។

1-109-600x400

លោកស្រី Thongwai និយាយថា សាច់ញាតិ​ខាង​កូនក្រមុំ​រកឃើញ​តែ ៥០.០០០ បាត និង​មាស ១ ដុំ​នៅលើ​ថាស​ជំនូន​ពី​កូនកំលោះ​ប្រគល់​មក​ខាង​កូនក្រមុំ។ គ្រួសារ​ទាំងពីរ​បាន​ជជែក​គ្នា​អំពី​រឿងនេះ ជាមួយ​គ្រួសារ​ខាង​កូនក្រមុំ​សុំឱ្យ​កូនកំលោះ​ប្រគល់​លុយ​នៅសល់ ៥០.០០០ បាត​ទៀត បន្ទាប់ពី​រៀបការ​ចប់។ ប៉ុន្តែ​សាច់ញាតិ​កូនកំលោះ​ទទូចថា ពួកគេ​បានប្រគល់​ជូន​ខាង​ស្រី​អស់​លទ្ធភាព​ហើយ។ ជំលោះ​បាន​ផ្ទុះឡើង ហើយ​កូនកំលោះ​និង​សាច់ញាតិ​បាន​យកលុយ​ថ្លៃទឹកដោះ​និង​មាស​ជិះឡាន​ទៅ​បាត់​អស់រលីង។ ម្តាយមីង​រូបនេះ​និយាយថា កូនក្រមុំ​ពេលនោះ​យំ​រហូតដល់​សន្លប់​បាត់ស្មារតី។ បន្ទាប់ពី​ក្មួយ​ស្រី​ដឹងខ្លួន​ឡើងវិញ ពួកគាត់​បាន​នាំ​នាង​ទៅ​ដាក់ពាក្យ​បណ្តឹង។

ពួកគាត់​និយាយថា ចង់ឱ្យ​បុរស​នោះ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន ដែល​នាំ​ភាពអាម៉ាស​ដល់​ខាង​ស្រី និង​គ្រួសារ​នាង។ ពួកគាត់​ក៏​ចង់ឱ្យ​បុរស​នោះ​សង​ថ្លៃ​រៀបចំ​ពិធីមង្គលការ​ទាំងអស់​ផងដែរ។ ខណៈដែល​ប៉ូលិស​កំពុង​សាកសួរ​ស្ត្រី​ជា​កូនក្រមុំ គ្រួសារ​នាង​បាន​តេ​ទៅទាក់ទង​កូនកំលោះ​ឱ្យមក​ចរចា​គ្នា​នៅ​ប៉ុស្តិ៍​ប៉ូលិស។ ប៉ុន្តែ​កូនកំលោះ​នោះ​បដិសេធ។ នេះ​បាន​បង្កជម្លោះ​ថ្មី​មួយទៀត​តាម​ទូរស័ព្ទ មុនពេល​ខាង​ប្រុស​នោះ​ចុច​បិទ​ទូរស័ព្ទ រួច​ចាក​ចេញទៅ​ខេត្ត​ភី​ជី​ត​បាត់ទៅ។

លោក​វរសេនីយ៍ត្រី Denchai Chamnarnnaimuang អនុ​ប៉ុស្តិ៍​ស្រុក​ភី​ម៉ៃ និយាយថា ប៉ូលិស​នឹង​តេ​ហៅ​កូនកំលោះ​ដើម្បី​ដោះស្រាយ​ជម្លោះ។ ការសាកសួរ​បឋមរ​បស់​ប៉ូលិស​រកឃើញថា ខាង​ស្រី​ចង់ឱ្យ​បុរស​នោះ​បង់ថ្លៃ​ចំណាយ​ទាំងអស់​ដែល​កើតចេញពី​ការរៀបចំ​ពិធីមង្គលការ​តែប៉ុណ្ណោះ។ គ្រួសារ​ខាង​ស្រី​និយាយថា ថ្លៃទឹកដោះ​លែង​ជា​បញ្ហា​ទៀតហើយ ព្រោះ​មង្គលការ​បាន​លុបចោល​ទៅហើយ៕