ពេលឈឺពោះទៅសម្រាលកូននៅគ្លីនីក «ឡាំ ប៊ុនថន» ស្លាប់ទាំងម្តាយ និងកូនក្នុងផ្ទៃ

December 28, 2018 1240

ភ្នំពេញ៖ គួរឲ្យខ្លោចផ្សាណាស់! ស្ត្រីពោះធំ និងកូនក្នុងផ្ទៃម្នាក់ បានបាត់បង់ជីវិតទាំង២នាក់ ខណៈគាត់ឈឺពោះ ទៅសម្រាលកូននៅ «មន្ទីរសម្រាក​ និងព្យាបាល ឡាំ ប៊ុនថន» ដោយសាររង់ចាំគ្រូពេទ្យយូរពេក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅទីតាំងគ្លីនីកតែម្តង តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បងស្រីជីទូតមួយរបស់ស្ត្រីរងគ្រោះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ បានឈឺពោះសម្រាលកូន នៅវេលាម៉ោង៦៖០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៏សម្រចដឹកទៅគ្លីនីក ឡាំ ប៊ុនថន ដែលមកដល់នៅម៉ោង៧៖០០នាទីព្រឹក ហើយពេលមកដល់គ្លីនីក បានចរចាជាមួយខាងគ្លីនីក តម្លៃ៦២០ដុល្លារ។ នៅវេលាម៉ោង៨៖០០នាទីព្រឹក ខាងគ្លីនីកដែលបានសម្របសម្រួល ខាងវះកាត់រួចហើយនោះ បែរមិនបានវះកាត់វិញ។

យោងតាមបងស្រីជីទូតមួយរូបនេះ រហូតដល់ម៉ោង១១៖០០នាទីព្រឹក ជនរងគ្រោះបានសន្លប់ ហើយខាងគ្លីនីកថា មានអាការៈធ្ងន់ធ្ងរ ក៏បញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ មកដល់មន្ទីរពេទ្យខ្មែរ-សូវៀត ស្រាប់តែពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ គឺទាំងម្តាយ និងកូន ដែលមិនដឹងថា ដាច់ខ្យល់តាំងពីពេលណាទេ។

ពាក់ព័ន្ធករណីនេះ ខាងគ្លីនីក ឡាំ ប៊ុនថន បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងដែរថា ការស្លាប់របស់ស្ត្រីរងគ្រោះ មានជំងឺម្យ៉ាង ដែលកើតឡើងភ្លាមៗ ហើយមានអាការៈធ្ងន់ធ្ងរតែម្តង។

ជាមួយគ្នានេះ មជ្ឈដ្ឋានមួយចំនួនដែលមើលឃើញហេតុការណ៍នេះ ​បានទទូចដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មេត្តាចាត់ឲ្យមន្រ្តីចុះទៅស្រាវជ្រាវរឿងពិត ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជនរងគ្រោះលើកក្រោយទៀត៕ ប្រភព​៖ Fresh News https://www.facebook.com/freshnewstvonline/videos/1185371628289540/

Loading...