នគរបាលបង្រ្កាបការកែច្នៃរថយន្តកាត់ត និងដំឡើងរថយន្តខុសច្បាប់ 

December 26, 2018 241

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចុះបង្រ្កាបសិប្បកម្ម កែច្នៃរថយន្តកាត់ត និងដំឡើងរថយន្តខុសច្បាប់មួយកន្លែង នៅខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាងរថយន្តចំនួន ៥គឿង និងសំភារៈមួយចំនួន ខណៈទីតាំងកែច្នៃរថយន្តមួយនេះ បានកំពុងធ្វើសកម្មភាពយករថយន្តនាំចូលគេចពន្ធកាត់ជា២ ទៅ៣កំណាត់យកមកដំឡើងនៅសិប្បកម្មដោយខុសច្បាប់។

ការបង្រ្កាបនេះដែរ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដែលមានម្ចាស់ឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ បានឲ្យដឹងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះថា ការបង្រ្កាបនេះ អនុវត្តតាមបទបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការបង្ការទប់ស្កាត់ នៃការនាំចូលរថយន្តគេចពន្ធខុសច្បាប់ ក្នុងរូបភាពនាំចូល រថយន្តអេតចាយកាត់ជាពីរទៅបីកំណាត់ និងយកមកដំឡើងខុសបច្ចេកទេសដែលការ យកទៅប្រើប្រាស់រថយន្តកាត់ត គ្មានបច្ចេកទេសត្រឹមត្រូវវាប្រឈមបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍បន្ដថា ទីតាំងសិប្បកម្មកែច្នៃ និងដំឡើងរថយន្តខុសច្បាប់ខាងលើ ក្រោយធ្វើការត្រួតពិនិត្យ និងដកហូតវត្ថុតាងជាក់ស្តែងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ និងបិទទ្វារ បញ្ឈប់សកម្មភាព នៃការធ្វើអាជីវកម្មមួយរយៈ រងចាំឲ្យម្ចាស់សិប្បកម្មចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕

Loading...