ដើរ​ចែក​ធៀបការរួច អកុសល​ជួបគ្រោះថ្នាក់ស្លាប់​ចោល​កូនក្រមុំ​... 

December 20, 2018 392

ភ្នំពេញ៖​ សល់១៧ថ្ងៃទៀតចូលរោងការជិះម៉ូតូត្រឡប់ពីចែកធៀបការ ជួបគ្រោះថ្នាក់ចរាចរស្លាប់ចោលគូដណ្តឹង មច្ចុរាជលើដងវិថីបានឆក់ផ្តាច់សង្ខាបុរសម្នាក់ដោយឥតក្តីមេត្តាទុក្ខឲ្យគូដណ្តឹងស្រស់សោភាយំសោកបោកប្រាណដូចអកព្រាត់គូ ខណៈពួកគេសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ ត្រូវចូលរោងជ័យក្រាបផ្ទឹមសំពះផ្កាស្លាទៅហើយនោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោងជាង ១រំលងអាធ្រាត្រថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ​ខណ្ឌ​​មានជ័យ រាជធានី​ភ្នំពេញ​។

បុរសជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបខ្លួន រួមនឹងជនរងគ្រោះឈ្មោះ និល សីហា បានជិះម៉ូតូត្រឡប់ពីចែកសំបុត្រអាពាហ៍ពិពាហ៍ ដោយជនរងគ្រោះជាអ្នកឌុប។ លុះជិះមកដល់ចំណុចកើតហេតុ​ ស្ថិត​នៅ​ច្រក​ចូល​សាលា​សង្កាត់​ស្ទឹង​មានជ័យ​៣ ស្រាប់តែទាក់ដៃចង្កូតជាមួយរុឺម៉កបណ្ដាលឲ្យដួលម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយ កិនចំក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យបុរសជាមិត្តភក្តិ​ដែល​អង្គុយពីក្រោយបានសន្លប់​មួយ​សន្ទុះ​ទើប​ដឹង​ខ្លួន​វិញ​។​ ក្រោយកើតហេតុទាំងភាគីរថយន្តកិនជនរងគ្រោះ និងរុឺម៉ក ដែលបើកប៉ះចង្កូតម៉ូតូជាមួយជនរងគ្រោះ បានព្យាយាមបើកគេចខ្លួនបាត់ស្រមោលពីកន្លែងហេតុ​។

បុរសពីរនាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយនឹងរម៉កបណ្ដា​ល​ឲ្យ​ដួលត្រូវរថយន្តមកពីក្រោយកិនចំក្បាលធ្លាយខួរស្លាប់ភ្លាមៗ​យ៉ាងអាណោចអាធម៍​និងម្នាក់ទៀតរបួសស្រាល​ ហេតុការណ៍នេះបាន​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នាវេលាម៉ោងជាង១យប់​រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌ​​មានជ័យ​​ក្រុង​ភ្នំពេញ​ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានអាយុ ២៧ឆ្នាំ មុខរបរ គ្រូបង្វឹក​​ល្បុក្កតោ​ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ និង​មានស្រុកកំណើត​នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។​ គូដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

គូស្នេហ៍អភ័ព្វខាងលើពួកគេនឹងត្រូវដឹកដៃចូលរោងជ័យសំពះក្រាបផ្ទឹមទទួលពរជ័យពីមេបានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ពោលនៅសល់រយៈពេលតែ១៧ថ្ងៃទៀតប៉ុណ្ណោះ។ នៅកន្លែងកើតហេតុគេបានឃើញនារីជាគូដណ្តឹងបានយំឱបជនរងគ្រោះយ៉ាងសោកសង្រេងបង្ហាញទំហំស្តាយស្រណោះយ៉ាងធំធេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួច​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ ដើម្បី​ពិនិត្យ​ និង​ប្រគល់សពឲ្យទៅសាច់ញតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕

Loading...