
មួយឆ្នាំម្តង កងទ័ពចិននិងរុស្ស៊ី តែងធ្វើសមយុទ្ធរួមគ្នា។ ប៉ុន្តែ មកទល់ឥឡូវ ក្រុមកប៉ាល់ ចំបាំងចិនមិនដែលបានយាត្រាទៅដល់ទឹកសមុទ្រនៅអឺរ៉ុបឡើយ។ ជាក់ស្តែង ចាប់ពី ថ្ងៃចន្ទ២៤កក្កដាមក រហូតដល់ថ្ងៃសុក្រ២៨កក្កដាខាងមុខ កងនាវាចិននិងរុស្ស៊ី ធ្វើលំហាត់រួមគ្នា នៅសមុទ្របាល់ទិក ក្រោមភ្នែកសម្លក់ពីខាងបក្សសម្ព័ន្ធអូតង់ ពីព្រោះកាលពីមុនៗ សមយុទ្ធកងម៉ារីនប្រទេសទាំងពីររមែងប្រព្រឹត្តទៅ តែក្នុងលំហទឹកមហាសមុទ្រប៉ាស៊ីហ្វិក។
តាំងពីថ្ងៃចន្ទ២៤កក្កដាម្ល៉េះ មុនពេលចាប់ផ្តើមលំហាត់សឹកនេះ សារពត៌មានផ្លូវការនៃក្រុងប៉េកាំង ដោយកំចាត់ការចោទប្រកាន់ជាយថាហេតុ បានគូសបញ្ជាក់ទាំងប្រញាប់ប្រញល់ថា៖ សមយុទ្ធរួមនៃក្រុមនាវាចិននិងរុស្ស៊ី ឥតតម្រង់ប្រឆាំងនឹងប្រទេស ទី៣ណាឡើយ។
ជាលើកទី១ ដែលកប៉ាល់ចំបាំងចិន ៣គ្រឿង បំពេញប្រតិបត្តិការល្បាត នៅកៀកជាប់នឹងនាវារុស្ស៊ី ៧គ្រឿង លើផ្ទៃទឹកសមុទ្របាល់ទិក មិនឆ្ងាយប៉ុន្មានពីក្រុងផែ Kaliningrad ជាទីរួមខេត្តប៉ែកខាងលិចបង្អស់របស់រុស្ស៊ី ស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។
ទន្ទឹមនឹងកប៉ាល់ចំបាំងខ្លួន ប្រទេសមហាអំណាចទាំងពីរ ចិននិងរុស្ស៊ី បានដាក់ឲ្យសកម្មក្នុងសមយុទ្ធ តាមការចុះផ្សាយឲ្យដឹងនៃកាសែតចិន China Daily គឺយន្តហោះចំបាំង និងឧទ្ធម្ភាគចក្រយោធា សរុបទៅចំនួន ១២គ្រឿង។
អូតង់មើលឃើញក្នុងលំហាត់សឹកនេះ ដែលប្រព្រឹត្តទៅនៅត្រង់តំបន់នៃឥទ្ធិពលខ្លួន ថាជាអំពើបង្កហេតុ ប៉ុន្តែលោករដ្ឋមន្ត្រីការពារប្រទេសចិន បានឆ្លើយបដិសេធចោល ការបកស្រាយយ៉ាងនេះ។ គាត់ថែមទាំងសង្កត់ធ្ងន់ថា លំហាត់បែបនេះ ត្រូវតែហុចលទ្ធភាពដល់កងម៉ារីនចិន-រុស្ស៊ី ឲ្យឆ្លើយតបកាន់តែប្រសើរឡើង ទល់នឹងការគម្រាមដល់សន្តិសុខនាវាចរណ៍ និងការពារសកម្មភាពសេដ្ឋកិច្ចប្រទេសទាំងពីរ ក្នុងដែនទឹកនោះ។
គឺទឡ្ហីករណដូចគ្នានេះ ដែលប៉េកាំងតែងប្រើដើម្បីដោះសានយោបាយវាតទីរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ក្រោមបណ្តាសាពីខាងប្រទេសជិតខាង បែបយ៉ាងពីខាង ហ្វីលីពីន និងវៀតណាមជាដើម៕ ប្រភពពី RFI