កីឡាករ​ត្រូវមាន​សមត្ថភាពមានការ​សិក្សា​ស្វែងយល់​និង​ចេះ​វិភាគ​ការប្រកួត​ទើប​ទទួលបាន​…

July 22, 2017 124
20271728_1901881013471560_1508045197_n

ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លើកឡើងថា កីឡាករ​ត្រូវមាន​សមត្ថភាព មាន​សិក្សា​ស្វែងយល់ និង​ចេះ​វិភាគ​ការ​ប្រួត​ទើប​ទទួលបាន​ជ័យជម្នះ។

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាបាល់ទះ​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ “ SEA Games ” លើក​ទី២៩ នៅ​ប្រទេស​ម៉ាឡេស៊ី នា​រសៀល​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅ​ក្លឹប​បាល់ទះ​វិសាខា ស្ថិតក្នុង​ខណ្ឌទួលគោក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា មានប្រសាសន៍ថា ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ “ SEA Games ” លើក​ទី២៩ នៅ​ប្រទេស​ម៉ាឡេស៊ី លើក​នេះ ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​របស់​យើង​ត្រូវធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ថ្មី​មួយ​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​ការប្រែប្រួល​នេះ​ទៅបាន​កីឡាករ​គ្រប់រូប​ត្រូវគោរព​វិន័យ និង​មានការ​ទទួលខុសត្រូវ​រាល់​ការប្រកួត។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បញ្ជាក់ថា “ ដើម្បី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត កីឡាករ​ទាំងអស់​ត្រូវ​លេង​លក្ខណៈ​ជា​ក្រុម និង​មាន​សាមគ្គីភាព​ក្នុង ”។

20179978_1901881020138226_441698699_n

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​ទាំងអស់ ដែល​រយៈពេល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​លើកកម្ពស់​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង ដើម្បី​ឈាន​ឆ្ពោះទៅ​ដណ្តើម​មេដាយ​នៅក្នុង​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ “ SEA Games ” នាពេលខាងមុខ។ ក្នុងឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ឧបត្ថម្ភ​ថវិកា ១ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​ការហ្វឹកហាត់ និង​ឧបត្ថម្ភ​ដល់ ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ ដែល​ត្រូវ​ចេញទៅ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ “ SEA Games ” នៅ​ប្រទេស​ម៉ាឡេស៊ី សរុប ១៧នាក់ ក្នុង​ម្នាក់​ថវិកា ១លាន​រៀល និង​កីឡាករ​បម្រុង ៣នាក់ ម្នាក់​ថវិកា ៥០ម៉ឺន​រៀល​ផងដែរ ៕